ការប្រកួត AFC Asian Cup 2023 Play-Off រវាងជម្រើសជាតិកម្ពុជា និងកោះហ្គាំ នឹងលេងនៅទឹកដីកណ្ដាលជំនួសវិញ

ការប្រកួត AFC Asian Cup 2023 Play-Off រវាងជម្រើសជាតិកម្ពុជា និងកោះហ្គាំ នឹងលេងនៅទឹកដីកណ្ដាលជំនួសវិញ

កីឡា ស្លាយ

ការប្រកួត AFC Asian Cup 2023 Play-Off រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងកោះហ្គាំ នឹងមិនធ្វើឡើងនៅទឹកដីនៃក្រុមសាម៉ីឡើយ តែនឹងលេងនៅទឹកដីកណ្ដាលជំនួសវិញដោយសារតែបញ្ហាការរាតត្បាតនៃជំងឺកូវីដ ១៩ ដែលមិនទាន់ស្រាកស្រាន្ដនៅឡើយ ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហោះនូវព័ត៌មានស្ដីពីការប្រកួតរវាងក្រុមទាំងពីរថា “ដោយសារស្ថានភាព​ជំងឺ​កូវីត​ ១៩​​ នៅកម្ពុជា​ និង​កោះ​ហ្គាំ​មានការ​រីក​រាលដាល​ខ្លាំងធ្វើឱ្យការ​ធ្វើ​ដំណើរទៅមក​ចេញចូលមានការលំបាក ដូច្នេះ​គណៈកម្មការ​ប្រកួត​សហព័ន្ធ​កីឡា​បាល់ទាត់​​អាស៊ី​ (AFC) បាន​សម្រេច​រៀបចំ​ការប្រកួត​រវាងក្រុមទាំង ២ នៅប្រទេសបារ៉ែន សម្រាប់ការប្រកួតវគ្គ​ជម្រុះ​​ AFC Asian Cup 2023 Play-Off រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និងក្រុម​កោះហ្គាំ​ ដើម្បីឡើងទៅកាន់វគ្គជម្រុះជុំទី៣” ។ យ៉ាងណាក្ដី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានថ្លែងអំណរគុណចំពោះប្រទេសបារ៉ែនដែលស្ម័គ្រចិត្តផ្ដល់ទីតាំងសម្រាប់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា និងកោះហ្គាំទាំងពីរប្រកួតនៅទីនោះផងដែរ ។

ដោយឡែកសម្រាប់​ការ​ប្រកួត​នៅ​ប្រទេស​បារ៉ែន​ ការប្រកួតរវាងក្រុមទាំងពីរនឹងធ្វើឡើងពីរជើង ដោយ​ជេីង​ទីមួយ​​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​០៩​ ខែ​តុលា​ ឆ្នាំ​២០២១ ខណៈជើងទីពីរនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១ ផងដែរ ។

សូមបញ្ជាក់ថា ដំបូងឡើយការប្រកួតរវាងក្រុមទាំងពីរបានកំណត់រៀបចំឡើងនៅតាមទឹកដីសាម៉ី តែដោយសារតែបញ្ហាកូវីដ ១៩ ការសម្រេចចិត្តចុងក្រោយរបស់ AFC ត្រូវធ្វើឡើងនៅទឹកដីកណ្ដាល ដោយជ្រើសរើសប្រទេសបារ៉ែនសម្រាប់ការប្រកួតនេះ ។

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ដោយ៖ June